ដោយ៖ ថាច់ រតនា |សហការីនៃវិទ្យុសេរីភាពកម្ពុជាក្រោម|
កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ មិត្តសមាគមខ្មែរកម្ពុជាក្រោម
បានរៀបចំមហាសន្និបាតវិសាមញ្ញ នៅទីស្នាក់ការកណ្ដាល ដែលស្ថិតនៅវត្តសាមគ្គីរង្សី
(ហៅវត្តខ្មែរកម្ពុជាក្រោម) ភូមិទ្រា០២ សង្កាត់ស្ទឹងមានជ័យ
ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីបណ្ដាអតីតគណៈកម្មាធិការនាយកគ្រប់ជំនាន់
តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា និង សមាជិក សមាជិកានៃមិត្តសមាគមខ្មែរកម្ពុជាក្រោម
ប្រមាណ ជិតមួយរយនាក់ ។
មហាសន្និបាតនេះ ប្រព្រឹត្តឡើងក្នុងគោលបំណងពង្រឹងការងារ
និង បង្ហាញសកម្មភាពរបស់សមាគមកន្លងមក ។ លោក ប៊ុន មុនី ដែលជាប្រធាន មិត្តសមាគមខ្មែរកម្ពុជាក្រោម
បានឲ្យវិទ្យុសេរីភាពកម្ពុជាក្រោមដឹងថា ចាប់តាំងពីឆ្នាំ២០១៤មកទល់នឹងបច្ចុប្បន្ននេះ
សមាគមបានចូលរួមក្នុងកិច្ចការងារសង្គមជាច្រើនដូចជា៖ ការងារមនុស្សធម៌ ធ្វើប័ណ្ណបញ្ជាក់អត្តសញ្ញាណជួនបងប្អូនខ្មែរក្រោម
ឧបត្ថម្ភនូវថវិកាក៏ដូចជាការជំរុញទឹកចិត្តជួនបងប្អូនខ្មែរក្រោមរាប់រយនាក់
ដែលកំពុងរស់នៅកម្ពុជា ។
មិត្តសមាគមខ្មែរកម្ពុជាក្រោម ជាសមាគមដំបូងគេរបស់ខ្មែរក្រោមដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៧
នៅទីក្រុងឃ្លាំង (ជិតវត្តឃ្លាំងបច្ចុប្បន្ននេះ)
ខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ដោយមានការផ្ដួចផ្ដើមគំនិតពីសំណាក់
លោកឧកញ៉ា ឡឹម ឯម ។ នៅក្នុងពិធីសម្ពោធទីស្នាក់ការនាឆ្នាំ១៩៣៧នោះដែរ ព្រះករុណាព្រះបាទសម្ដេចព្រះ
នរោត្តម សីហនុ ព្រះមហាក្សត្រខ្មែរ ដែលសម័យនោះ ព្រះអង្គទ្រង់គង់ជាព្រះអង្គម្ចាស់
និង កំពុងបំពេញព្រះរាជកិច្ចសិក្សានៅសាលា សះស្លូបា នាទីក្រុងព្រៃនគរ ទ្រង់សព្វព្រះរាជហឫទ័យ
យាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណាព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ
មុនីវង្ស ព្រះចៅក្រុងកម្ពុជា យាងជាព្រះរាជធិបតី ។
ដល់ឆ្នាំ១៩៥៤ ក្រោមរបបផ្ដាច់ការ និង
ជាតិនិយមជ្រុលរបស់ ង៉ូ ឌីញយីម បានធ្វើទុក្ខបុកម្នេញដល់សមាគម ទើបលោកឧកញ៉ា
ឡឹម ឯង បានសម្រេចចិត្តប្ដូរទីស្នាក់ការសមាគមមកទីក្រុងភ្នំពេញវិញ ។
ចាប់តាំងពីឆ្នាំ១៩៧៥ ដល់ ១៩៩៣
ប្រទេសកម្ពុជាបានស្ថិតក្រោមការគ្រប់គ្រងនៃរបបកុម្មុយនិស្ត
រាល់អង្គការនយោបាយ អង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល
ត្រូវបានលុបបំបាត់ចោលទាំងស្រុង រីឯមិត្តសមាគមខ្មែរកម្ពុជាក្រោមក៏ត្រូវបានរំលាយផងដែរ
។ ដល់ឆ្នាំ១៩៩៣ របបកុម្មុយនិស្តត្រូវបានសាបរលត់បាត់ទៅ
របបនយោបាយថ្មីបានចូលមកគឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស
ទើបមិត្តសមាគមខ្មែរកម្ពុជាក្រោម បានចាប់បដិសន្ធិសាជាថ្មីឡើងវិញ ។
អស់រយៈពេល២៣ឆ្នាំ
កន្លងទៅនេះមិត្តសមាគមខ្មែរកម្ពុជាក្រោម
ជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ខ្មែរក្រោម
ដំណើរការក្នុងក្របខ័ណ្ឌនៃវប្បធម៌ មនុស្សធម៌ និង
ធានារ៉ាប់រងនូវភាពស្របច្បាប់របស់ខ្មែរក្រោមដែលមករស់នៅកម្ពុជា ។
មហាសន្និបាតវិសាមញ្ញនេះ ក៏បានប្រកាសបេក្ខភាពគណៈកម្មាធិការនាយកទាំង១៤រូប
ដឹកនាំក្នុងអាណត្តិ២០១៦ ដល់ ២០២១ ។ ក្នុងនោះលោក ប៊ុន មុនី ជាប្រធាន លោក លី
ផល្លី លោក ញឹម ឬទ្ធី និង ច័ន្ទ ភិរម្យ ជាអនុប្រធាន លោក ស៊ីម វិចិត្រ ជាអគ្គលេខា
លោក គឹម វិសាល អគ្គហិរញ្ញិក ។