មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម ធ្វើ​មហាសន្និបាត​វិសាមញ្ញដើម្បីពង្រឹងការងារ និង បង្ហាញសកម្មភាពសមាគម

10:43:00
ដោយ៖ ថាច់ រតនា |សហការីនៃវិទ្យុ​សេរីភាព​កម្ពុជាក្រោម|
កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ២០១៦ មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​រៀបចំ​មហា​សន្និបាត​វិសាមញ្ញ នៅ​ទីស្នាក់ការ​កណ្ដាល ដែល​ស្ថិត​នៅ​វត្ត​សាមគ្គី​រង្សី (ហៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម) ភូមិ​ទ្រា​០២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដា​អតីត​គណៈកម្មាធិការនាយក​គ្រប់​ជំនាន់ តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា និង សមាជិក សមាជិកា​នៃ​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រមាណ ជិត​មួយ​រយ​នាក់ ។



មហាសន្និបាត​នេះ ប្រព្រឹត្ត​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ការងារ និង បង្ហាញ​សកម្មភាព​របស់​សមាគម​កន្លងមក ។ លោក ប៊ុន មុនី ដែល​ជា​ប្រធាន មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​វិទ្យុ​សេរីភាព​កម្ពុជា​ក្រោម​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ សមាគម​បាន​ចូល​រួម​ក្នុង​កិច្ច​ការងារ​សង្គម​ជា​ច្រើន​ដូច​ជា៖ ការងារ​មនុស្ស​ធម៌ ធ្វើ​ប័ណ្ណ​បញ្ជាក់​អត្តសញ្ញាណ​ជួន​បងប្អូន​ខ្មែរ​ក្រោម ឧបត្ថម្ភ​នូវ​ថវិកា​ក៏​ដូចជា​ការ​ជំរុញ​ទឹក​ចិត្ត​ជួន​បងប្អូន​ខ្មែរ​ក្រោម​រាប់​រយ​នាក់ ដែល​កំពុង​រស់​នៅ​កម្ពុជា ។

មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាគម​ដំបូង​គេ​របស់​ខ្មែរ​ក្រោម​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៣៧ នៅ​ទីក្រុង​ឃ្លាំង (ជិត​វត្ត​ឃ្លាំង​បច្ចុប្បន្ន​នេះ) ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ដោយ​មាន​ការ​ផ្ដួចផ្ដើម​គំនិត​ពី​សំណាក់ លោក​ឧកញ៉ា ឡឹម ឯម ។ នៅ​ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​នា​ឆ្នាំ​១៩៣៧​នោះ​ដែរ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ​ខ្មែរ ដែល​សម័យ​នោះ ព្រះអង្គ​ទ្រង់​គង់​ជា​ព្រះអង្គ​ម្ចាស់ និង កំពុង​បំពេញ​ព្រះ​រាជកិច្ច​សិក្សា​នៅ​សាលា សះស្លូបា នា​ទីក្រុង​ព្រៃនគរ ទ្រង់​សព្វ​ព្រះរាជហឫទ័យ យាង​ជា​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅ​ក្រុង​កម្ពុជា យាង​ជា​ព្រះរាជ​ធិបតី ។

ដល់​ឆ្នាំ​១៩៥៤ ក្រោម​របប​ផ្ដាច់ការ និង ជាតិនិយម​ជ្រុល​របស់ ង៉ូ ឌីញយីម បាន​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សមាគម ទើប​លោក​ឧកញ៉ា ឡឹម ឯង បាន​សម្រេច​ចិត្ត​ប្ដូរ​ទីស្នាក់ការ​សមាគម​មក​ទីក្រុង​ភ្នំពេញ​វិញ ។

ចាប់តាំង​ពី​ឆ្នាំ១៩៧៥ ដល់ ១៩៩៣ ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​របប​កុម្មុយនិស្ត រាល់​អង្គការ​នយោបាយ អង្គការ​សង្គម​ស៊ីវិល អង្គការ​ក្រៅ​រដ្ឋាភិបាល ត្រូវ​បាន​លុប​បំបាត់​ចោល​ទាំងស្រុង រីឯ​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម​ក៏​ត្រូវ​បាន​រំលាយ​ផង​ដែរ ។ ដល់​ឆ្នាំ​១៩៩៣ របប​កុម្មុយនិស្ត​ត្រូវ​បាន​សាប​រលត់​បាត់​ទៅ របប​នយោបាយ​ថ្មី​បាន​ចូល​មក​គឺ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ទើប​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម បាន​ចាប់​បដិសន្ធិ​សាជាថ្មី​ឡើង​វិញ ។

អស់​រយៈ​ពេល​២៣​ឆ្នាំ កន្លង​ទៅ​នេះ​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​របស់​ខ្មែរ​ក្រោម ដំណើរ​ការ​ក្នុង​ក្របខ័ណ្ឌ​នៃ​វប្បធម៌ មនុស្សធម៌ និង ធានារ៉ាប់រង​នូវ​ភាព​ស្របច្បាប់​របស់​ខ្មែរ​ក្រោម​ដែល​មក​រស់​នៅ​កម្ពុជា ។


មហាសន្និបាត​វិសាមញ្ញ​នេះ ក៏​បាន​ប្រកាស​បេក្ខភាព​គណៈកម្មាធិការនាយក​ទាំង​១៤រូប ដឹកនាំ​ក្នុង​អាណត្តិ​២០១៦ ដល់ ២០២១ ។ ក្នុង​នោះ​លោក ប៊ុន មុនី ជា​ប្រធាន លោក លី ផល្លី លោក ញឹម ឬទ្ធី និង ច័ន្ទ ភិរម្យ ជា​អនុប្រធាន លោក ស៊ីម វិចិត្រ ជា​អគ្គ​លេខា លោក គឹម វិសាល អគ្គ​ហិរញ្ញិក ។



















ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Latest
Previous
Next Post »