ព្រឹត្តិការណ៍​ ៨ កុម្ភៈ ឆ្នាំ២០០៧ ព្រះ​សង្ឃ​នៅ​កម្ពុជាក្រោម ក្រោកឡើងទាមទារ​សិទ្ធិសេរីភាព​សាសនា

10:40:00

តើ​ព្រឹត្តិ​ការណ៍​ថ្ងៃទី០៨ ខែ​កុម្ភៈ ឆ្នាំ​២០០៧ គឺ​ជា​ថ្ងៃ​អ្វី ? បន្ទាប់​ពី​ព្រឹត្តិការណ៍​នោះ​កើត​ឡើង​ហើយ តើ​ព្រះ​សង្ឃ​ខ្មែរ​នៅ​កម្ពុជាក្រោម​ត្រូវ​ប្រឈម​យ៉ាង​ដូច​ម្ដេច​ជាមួយ​អាជ្ញាធរ​យួន ? តើ​ព្រឹត្តិការណ៍​នេះ​កើត​ឡើង​វា​ខុស​ជា​មួយ​ច្បាប់​កំពូល​របស់​យៀកណាម​ដែរ​ឬ​ទេ ? ។ សូម​អាន​នូវ​បទ​វិភាគ​មួយ​របស់​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក នី ​វិបុល ដែល​ជា​សហការី​នៃ​វិទ្យុ​សេរីភាព​កម្ពុជាក្រោម​ដូច​តទៅ ។

ព្រឹត្តិការណ៍​ថ្ងៃទី០៨​ ខែ​កុម្ភៈ ឆ្នាំ២០០៧ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ប្រចាំ​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ដែល​សមណ​និស្សិត​គ្រប់​ខេត្ត​ក្រុង​នៃ​ដែន​ដី​កម្ពុជា​ក្រោម​ដែល​និមន្ត​មក​សិក្សា​នៅ​សាលា​បាលី​ជាន់​ខ្ពស់​ខេត្ត​ឃ្លាំង ប្រមាណ​ជាង​២០០អង្គ បាន​ក្រោធ​ឡើង​ធ្វើ​បាតុកម្ម​អហិង្សា​មួយ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​យួន​ គោរព​នូវ​សិទ្ធិ​សេរី​ភាព​សាសនា នៅ​កម្ពុជា​ក្រោម ។

គិត​មកទល់​នឹង​បច្ចុប្បន្ន​ គឺ​ឆ្នាំ២០១៦​ ព្រឹត្តិការណ៍​នេះ បាន​គម្រប់​ជា​៩ឆ្នាំ​មក​ហើយ ប៉ុន្តែ​ស្មារតី​ចងចាំ​របស់​ខ្មែរ​នៅ​លើ​ពិភពលោក​និយាយរួម និង ខ្មែរ​នៅ​កម្ពុជាក្រោម​និយាយ​ដោយ​ឡែក ពោល​គឺ​នៅ​តែ​បន្ត​ចងចាំ​ជា​និច្ច​ចំពោះ​អំពើ​យង់ឃ្នង ឃោរឃៅ របស់​អាជ្ញាធរ​យួន​ដែល​តែងតែ​មាន​សកម្មភាព​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​សាសនា របស់​ខ្មែរ​នៅ​កម្ពុជាក្រោម ។

សមណនិស្សិត​រាប់រយអង្គ​ជួបជុំគ្នា​នៅខាង​មុខ​សាលា​បាលី​ជាន់​ខ្ពស់ ខេត្ត​ឃ្លាំង

ហេតុអ្វី​មាន​ការ​បាតុកម្ម​អហិង្សា​នេះ​ឡើង​នៅ​ខេត្ត​ឃ្លាំង កម្ពុជាក្រោម?​​​​​

ដើម​ហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​នេះ​ឡើង​គឺ ដោយ​សារ​តែ​អាជ្ញាធរ​យួន ចេញ​ច្បាប់​មួយ​ក្នុង​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០០៧ គឺ​មិន​អនុញ្ញាត​ឲ្យ​ព្រះ​សង្ឃ​និមន្ត​ចេញ​ទៅ​បិណ្ឌបាត ។ ដោយ​យក​លេស​ថា អាជ្ញាធរ​យួន​កំពុង​តែ​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ឧកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​យួន ហេតុនេះ​ហើយ​ព្រះ​សង្ឃ​មិន​អាច​និមន្ត​ចេញ​ពី​វត្ត​ទៅ​បិណ្ឌ​និបាត​បាន​នោះ​ទេ ។ ព្រះសង្ឃ​នៅ​កម្ពុជាក្រោម​រស់រាន​ប្រចាំ​ថ្ងៃ​គឺ​ពឹង​អាស្រ័យ​ទៅ​លើ​បាយ​បាត​របស់​ពុទ្ធបរិស័ទ ដូច្នេះ​ហើយ​ឆ្នាំងបាយ​របស់​ព្រះ​សង្ឃ​គឺ​ពឹងផ្អែក​ទាំង​ស្រុង​ទៅ​លើ​ពុទ្ធបរិស័ទ និង កាតព្វកិច្ច​ប្រចាំ​ពេល​ព្រឹក​របស់​អ្នក​បួស​គឺ​ការ​និមន្ត​បិណ្ឌ​និបាត ។ នៅ​កម្ពុជា​ក្រោម​ប្រសិន​បើ​ព្រះសង្ឃ​មិន​និមន្ត​បិណ្ឌ​និបាត​នោះ​ទេ គឺ​មិន​មាន​ចង្ហាន់​ដើម្បី​ឆាន់​ឡើយ ។ បើ​ព្រះ​សង្ឃ​អត់​មាន​ចង្ហាន់​ឆាន់​តើ​មាន​កម្លាំង​ឯណា​ដើម្បី​សិក្សា​រៀន​សូត្រ ប្រតិបត្តិ​នូវ​ធម៌​វិន័យ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ ?

បន្ទាប់​ពី​មាន​ការ​ហាមឃាត់​ពី​សំណាក់​ពួក​អាជ្ញាធរ​យួន​នោះ​មក ដោយ​យល់​ឃើញ​ថា​បម្រាម​នោះ​មិន​សមហេតុសមផល ទើប​ព្រះសង្ឃ​ក៏​បាន​និមន្ត​ចេញ​ទៅ​បិណ្ឌ​និបាត​ជា​ធម្មតា​ដូច​សព្វ​ដង លុះ​ដល់​ព្រឹក​ថ្ងៃទី០៨ ខែ​កុម្ភៈ ឆ្នាំ២០០៧ ពេល​ដែល​ព្រះសង្ឃ​និមន្ត​ចេញ​ពី​វត្ត​ឃ្លាំង​ដើម្បី​ទៅ​បិណ្ឌបាត ស្រាប់តែ​មាន​កម្លាំង​របស់​អាជ្ញាធរ​យួន​លោមព័ទ្ធ​បរិវេណ​វត្ត​មិន​ឲ្យ​ព្រះសង្ឃ​និមន្ត​ចេញ ។ ក៏​ក្នុង​ព្រឹក​ថ្ងៃ​នោះ​ដែរ មាន​ព្រះសង្ឃ​មួយ​ព្រះអង្គ​អាពាធ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​កម្លាំង​អាជ្ញាធរ​យួន​រារាំង​ដាច់ខាត​មិន​ឲ្យ​នាំ​ព្រះសង្ឃ​អង្គ​នោះ​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​ឡើយ ។

ដោយ​ការ​ស៊ូ​ទ្រាំ​មិនបាន​ចំពោះ​អំពើ​ឃោរឃៅ​របស់​អាជ្ញាធរ​យួន​ធ្វើ​មក​លើ​ព្រះសង្ឃ​យ៉ាង​ដូច្នេះ ទើប​សមណ​និស្សិត​សាលា​បាលី​ជាន់​ខ្ពស់​ខេត្ត​ឃ្លាំង​ដែល​មាន​ព្រះ​សង្ឃ​និមន្ត​មក​ស្ទើរ​តែ​គ្រប់​ខេត្ត​ក្រុង​នៃ​ដែនដី​កម្ពុជាក្រោម បាន​សម្រេច​ចិត្ត​ប្រមូលផ្ដុំ​គ្នា​នៅ​សាលា​បាលី​ខេត្ត​ឃ្លាំង រួច​ដង្ហែ​ជា​ក្បូន​និមន្ត​ទៅ​​មន្ទីរ​នគរបាល​ខេត្ត​ឃ្លាំង ដើម្បី​សាក​សួរ​អំពី​មូលហេតុ​អ្វី​បាន​ជា​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ចេញ​ទៅ​បិណ្ឌបាត និង ហេតុអ្វី​​បិទ​ទ្វា​វត្ត​មិន​ឲ្យ​នាំ​ព្រះសង្ឃ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ ។

ក្រោយ​ពី​បាន​ដង្ហែ​ជា​ក្បួន​ទៅ​មន្ទីរ​នគរបាល​ខេត្ត​ឃ្លាំង​នោះ​មក អាជ្ញាធរ​យួន​ចាប់​ផ្ដើម​បញ្ជា​ឲ្យ​កង​កម្លាំង​របស់​ខ្លួន​តាម​ស៊ើបអង្កេត និង តាមដាន​គ្រប់​វត្ត​ទូទាំង​ដែនដី​កម្ពុជាក្រោម​ដែល​មាន​ព្រះ​សង្ឃ​មក​សិក្សា​នៅ​សាលា​បាលី​ខេត្ត​ឃ្លាំង ។ នា​ពេលនោះ​ព្រះ​សង្ឃ​ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​អាជ្ញាធរ​យួន​កោះហៅ​ឡើង​ទៅ​ទីស្នាក់ការ​នគរបាល​ខេត្ត​ពី​មួយ​អង្គ​ទៅ​មួយ​អង្គ ។

បន្ទាប់​ពី​អាជ្ញាធរ​បាន​ធ្វើ​ការ​សាកសួរ​ចម្លើយ​ចប់​សព្វគ្រប់​ហើយ អាជ្ញាធរ​យួន​បាន​បញ្ជូន​កងកម្លាំង​ឲ្យ​ចុះ​ទៅ​ចាប់​ព្រះ​សង្ឃ​ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នោះ​ដើម្បី​មក​កាត់ទោស ក្នុង​នោះ​ចាប់​បាន​តែ​ព្រះសង្ឃ​ ៥ព្រះអង្គ​តែ​ប៉ុណ្ណោះ គឺ ១.ព្រះអង្គ គឹម ម៉ើន ២.ព្រះអង្គ យ័ញ តូន ៣.ព្រះអង្គ លី សឿង ៤.ព្រះអង្គ ថាច់ ឃឿង និង ៥.ព្រះអង្គ លី ហ្វាង៎ ។ ចំណែក​ព្រះសង្ឃ​ដទៃ​ទៀត​ត្រូវ​បាន​ភៀស​ព្រះ​កាយ​ផុត​ចេញ​មក​ប្រទេស​កម្ពុជា និង ថៃឡង់ដ៍ ។ ព្រះ​សង្ឃ​៥អង្គ​ខាង​លើ​នេះ ត្រូវ​បាន​អាជ្ញាធរ​យួន​ចាប់​ស្លៀកពាក់​ខោ​អាវ​ចូល រួច​បោះ​ឡើង​ឡាន​បញ្ជូន​ទៅ​មន្ទីរ​ឃុំខ្លួន​នៅ​ទីស្នាក់ការ​នគរបាល​ខេត្ត​ឃ្លាំង ដោយ​មិន​មាន​ផ្សឹក​តាម​បែបបទ​ព្រះពុទ្ធ​សាសនា​ឡើយ ។

រហូត​ដល់​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០០៧ ព្រះសង្ឃ​ទាំង​៥ព្រះអង្គ​ដែល​អាជ្ញាធរ​យួន​ចាប់​ផ្សឹក​នោះ ត្រូវ​បាន​តុលាការ​ប្រជាជន​ខេត្ត​ឃ្លាំង កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ២ទៅ ៤ឆ្នាំ ពី​បទ «បង្ក​អសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​»

តើ​ការ​បាតុកម្ម​នៅ​យៀតណាម ខុស​ច្បាប់​រដ្ឋ​ដែរ​ឬ​ទេ ?

ចំពោះ​ប្រទេស​ដែល​កាន់​នូវ​លទ្ធិ​កុម្មុយនិស្ត​នៅ​ទី​ណា​មិន​ដឹង​ទេ ប៉ុន្តែ​បើ​និយាយ​ចំពោះ​ប្រទេស យៀកណាម វិញ ការ​បាតុកម្ម​មិន​ឲ្យ​មាន​កើត​ឡើង​ជា​ដាច់ខាត ពោល​គឺ​រដ្ឋាភិបាល​កុម្មុយនិស្ត​យៀកណាម​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ចំពោះ​ការ​បណ្ដោយ​ឲ្យ​មាន​ផ្ទុះ​ឡើង​នូវ​ការ​បាតុកម្ម​ណាមួយ ហើយ​អាជ្ញាធរ​យួន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ និង ទប់ស្កាត់​គ្រប់​រូប​ភាព​ដែល​មាន​ភាព​ទាក់ទង​ទៅ​នឹង​បាតុកម្ម ។

រដ្ឋាភិបាល​យួន​មិន​ចង់​ឃើញ​សោះ​ឡើយ ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​បាតុកម្ម​ណាមួយ​នោះ ដោយ​សារ​តែ​នៅ​ក្នុង​ប្រទេស​យៀកណាម​មាន​ទៅ​ដល់​៥៤​ជនជាតិ​ផ្សេង​ៗ​គ្នា​ឯណោះ ដូច្នេះ​ហើយ​កាល​ណា​បើ​មាន​បាតុកម្ម​ណាមួយ​កើត​ឡើង​នោះ វា​អាច​នឹង​មាន​ចលនា​ដ៏​ធំ​ផ្ទុះ​ឡើង​ពី​សំណាក់​ជនជាតិ​ណាមួយ​ក្នុង​ចំណោម​៥៤​ជនជាតិ​ដែល​រស់នៅ​ប្រទេស​យៀកណាម ជាពិសេស​ខ្មែរ​កម្ពុជាក្រោម​នឹង​ធ្វើ​ការ​ទាមទារ​សិទ្ធិ​សេរីភាព ឬ ការ​ទាមទារ​បំបែក​ទឹកដី​ណាមួយ​ជាមិនខាន​ឡើយ ។ 

នគរបាល​យួន​កំពុង​សួរ​ចម្លើយ​របស់​ព្រះ​សង្ឃ​នៅ​ទី​ស្នាក់​ការ​នគបាល​ខេត្តឃ្លាំង
នៅ​យៀតណាម​បច្ចុប្បន្ន​នេះ មិន​មែន​តែ​ខ្មែរ​ក្រោម​ទេ​ដែល​ចង់​បាន​សិទ្ធិ​សេរី​ភាព​នោះ ពោល​គឺ​៥៤ជនជាតិ​ដទៃ​ក៏​ចង់​បាន​នូវ​សិទ្ធិ​សេរីភាព​ដូច​ខ្មែរ​ក្រោម​ដែរ ។ រដ្ឋាភិបាល​យួន​តែងតែ​ចាត់​ទុក​ថា អំពើ​បាតុកម្ម​ប្រឆាំង ឬ ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​នូវ​អ្វីមួយ​ដែល​ប្រជាពលរដ្ឋ​ចង់បាន​នោះ គឺ​ជា​អំពើ​ក្បត់ជាតិ និង ក្បត់​បក្ស​ បើ​ទោះបី​ជា​ច្បាប់​កំពូល​របស់​យៀកណាម​បាន​អនុញ្ញាត​ឲ្យ​មាន​ច្បាប់​បាតុកម្ម​នេះ​ក៏​ដោយ ។

រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​យៀកណាម​ក្នុង​មាត្រា២៥ ជំពូក២ បាន​ចែង​ថា «Công dân có quyền tự do ngôn luận, tự do báo chí, tiếp cận thông tin, hội họp, lập hội, biểu tình. Việc thực hiện các quyền này do pháp luật quy định (​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន សេរីភាព​ទទួល​បាន​ព័ត៌មាន ជួបជុំ បង្កើត​អង្គការ​សមាគម បាតុកម្ម ។ ការ​ប្រើប្រាស់​សិទ្ធិ​នេះ ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​

សូម​ប្រិយមិត្ត​ទស្សនា​នូវ​វីឌីអូ​សកម្មភាព​ទាំងស្រុង​ក្នុង​ព្រឹត្តិការណ៍​០៨ កុម្ភៈ ឆ្នាំ២០០៧ ។
 




សកម្មភាព​ព្រះសង្ឃនៅ​ខាង​មុខ​សាលា​បាលី


អាជ្ញាធរ​យួន​កោះហៅ​ព្រះ​សង្ឃ​មក​ទីស្នាក់ការ​ខេត្ត​ដើម្បី​សាក​សួរ​ចម្លើយ

ព្រះ​សង្ឃ​និមន្ត​ពី​សាលា​បាលី​ជាន់​ខ្ពស់​ខេត្តឃ្លាំង​ទៅ ទីស្នាក់ការ​នគរ​បាល​ខេត្ត ដើម្បី​សួរពី​មូល​ហេតុ​ដូចម្ដេច​ហាម​មិន​ឲ្យ​ព្រះ​សង្ឃ​ចេញ​បិណ្ឌបាត

សកម្មភាព​ព្រះ​សង្ឃ​តវ៉ា​នៅ​មុខ​ទី​ស្នាក់ការ​នគរបាល​ខេត្តឃ្លាំង

សកម្មភាព​ក្រោយ​ពី​ធ្វើការ​តវ៉ា​រួច​ស្រេច រៀបចំ​ធ្វើ​ដំណើរទៅវត្តរៀង​ៗ​ខ្លួនវិញ

ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »