វិទ្យាស្ថានពុទ្ធសាសនា អប់រំ និង អភិវឌ្ឍន៍ ធ្វើសន្និបាតវិសាមញ្ញ

10:43:00

 ដោយ៖ ថាច់ រតនា |សហការីនៃវិទ្យុសេរិ​ភាព​កម្ពុជាក្រោម|



កាល​ពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ២០១៦ វិទ្យា​ស្ថាន​ពុទ្ធសាសនា អប់រំ និង អភិវឌ្ឍន៍ បាន​ប្រារព្ធ​ឡើង​នូវ​មហាសន្និបាត​វិសាមញ្ញ​របស់​ខ្លួន ដែល​ធ្វើ​ឡើង​នៅ​វត្ត​ភ្នំពេញ​ថ្មី ភូមិ​ដូន​បុស ឃុំ​ចំការ​អណ្ដូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ដើម្បី​ប្រកាស​ប្រើប្រាស់​ទីស្នាក់ការ​ថ្មី ប្រកាស​សមាសភាព​នៃ​រចនា​សម្ព័ន្ធ ប្រកាស​លទ្ធផល​ដែល​សម្រេច​បាន និង លើក​ឡើង​អំពី​គោលការណ៍​ដើម្បី​ធ្វើ​សកម្មភាព​ទៅ​ថ្ងៃ​ខាងមុខ ។

ក្នុងអង្គ​​មហាសន្និបាត​នេះ ក្រៅពី​វត្តមាន​សមាជិក សមាជិកា និង ថ្នាក់ដឹកនាំ​​​វិទ្យាស្ថាន​ពុទ្ធសាសនា អប់រំ និង អភិវឌ្ឍន៍ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ព្រះ​មេគណ​ស្រុក ព្រះ​វិន័យ​ធម៌ ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក អាជ្ញាធរ​ដែនដី និង តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ក្រុម​យុវជន និស្សិត​ផង​ដែរ ។

ព្រះមហាថេរ គីរីធម្មោ ប៉ាង សុដារ ប្រធាន​វិទ្យាស្ថាន​ពុទ្ធសាសនា អប់រំ និង អភិវឌ្ឍន៍ ថ្លែង​ក្នុង​មហាសន្និបាត​វិសាមញ្ញ
  
វិទ្យាស្ថាន​ពុទ្ធសាសនា អប់រំ និង អភិវឌ្ឍន៍ ជា​អង្គការ​​​ក្រៅ​រដ្ឋាភិបាល​មួយ បាន​ចាប់​បដិសន្ធិ​ឡើង​នូវ​ឆ្នាំ​២០០១ ដែល​មាន​សកម្មភាព​ទៅ​លើ​វិស័យ​ព្រះ​ពុទ្ធសាសនា ការងារ​មនុស្សធម៌ អប់រំ និង បណ្ដុះបណ្ដាល ។

ថ្លែង​ក្នុង​មហាសន្និបាត ព្រះ​មហាថេរ គិរី​ធម្មោ ប៉ាង សុដារ ព្រះ​ប្រធាននៃ​​វិទ្យាស្ថាន​ពុទ្ធសាសនា​អប់រំ និង អភិវឌ្ឍន៍ បាន​មាន​សង្ឃដីកា​ថា​ ចាប់​ពី​បង្កើត​ឡើង​នូវ​វិទ្យាស្ថាន​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ វិទ្យាស្ថាន​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​ដល់​វិស័យ​ព្រះពុទ្ធសាសនា ជា​ពិសេស​កសាង​នូវ​ប្រាសាទ និង កន្លែង​សម្រាប់​បូជា​ក្នុង​ព្រះពុទ្ធសាសនា មណ្ឌល​វិបស្សនា ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បោះពុម្ព​ និង នាំ​នូវ​ព្រះ​ត្រៃបិដក​ទៅ​ប្រគេន​ជួន​ពុទ្ធសាសនិកជន​នៅ​ប្រទេស ថៃឡង់ដ៍ សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី ។ល។ និង ដែនដី​កម្ពុជាក្រោម​ផង​ដែរ ។

ព្រះអង្គ​បាន​បន្ត​នូវ​សង្ឃដីកា​ថា៖ ចាប់​ពី​ឆ្នាំ២០០៥ មក​ដល់​ពេល​នេះ វិទ្យាស្ថាន​បាន​ចូល​រួម​ជា​ច្រើន​សកម្មភាព ជាមួយ​នឹង​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​បូរណភាពទឹកដី ជាពិសេស​គឺ​ការ​កសាង​វត្តអារាម ព្រះ​ពុទ្ធបដិមា តាម​បណ្ដាល​ព្រំដែន​ដែល​មាន​ជម្លោះ​ដូចជា៖ កម្ពុជា ថៃ និង កម្ពុជា យៀកណាម ។ វិទ្យាស្ថាន​គឺ​ជា​អង្គការ​ដំបូង​គេ​ដែល​មាន​សមត្ថភាព ក្នុង​ការ​នាំ​យក​នូវ​ស្បៀងអាហារ​ជួន​ដល់​កងទ័ព​ការពារ​នូវ​តំបន់​ប្រាសាទ​ព្រះវិហារ ។

ព្រះ​មហាថេរ គិរី​ធម្មោ ប៉ាង សុដារ ប្រ​សូត្រ​ និង បួស​រៀន​នៅ​វត្ត​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ខ្សាច់ ខេត្ត​ឃ្លាំង ដែនដី​កម្ពុជាក្រោម ។ ព្រះអង្គ គឺ​ជា​ព្រះ​មហាថេរ​មួយ​អង្គ ក្នុង​ចំណោម​ព្រះ​មហាថេរ​ខ្មែរ​កម្ពុជាក្រោម ។ ព្រះអង្គ​មាន​គុណ​បំណាច់​យ៉ាង​ធំធេង​បំផុត ចំពោះ​​សង្គម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​និយាយ​ដោយ​ឡែក និង នៅ​កម្ពុជា​ក្រោម​និយាយ​រួម ។

ព្រះ​មហាថេរ គិរី​ធម្មោ ប៉ាង សុដារ បច្ចុប្បន្ន​ ជា​ព្រះ​ចៅអធិការ​វត្ត​ភ្នំពេញ​ថ្មី និង ជា​ទីប្រឹក្សា​ផ្ទាល់​របស់ សម្ដេច​ព្រះ​មហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ដោយ​ស្នាព្រះហស្ត​ដ៏​ធំធេង​របស់​ព្រះអង្គ​ចំពោះ​​ប្រទេសជាតិ ព្រះ​មហាថេរ គិរី​ធម្មោ ប៉ាង សុដារ បាន​ព្រះ​មហាក្សត្រ និង រាជរដ្ឋាភិបាល​កម្ពុជា​ប្រគេន​នូវ​គ្រឿង​ឥស្សរិយយស​ជា​ច្រើន ក្នុង​នោះ​មាន​គ្រឿង​ឥស្សរិយយស​ «ជាតូបករណ៍» ដែល​ជា​គ្រឿង​ឥស្សរិយយស​បាន​ប្រគេន ថ្វាយ ឬ ជួន​ចំពោះ​បុគ្គល​ដែល​បាន​ជួយ​ទំនុក​បម្រុង​ដល់​ជាតិ ៕

ថតរូប​ជុំ​ក្នា​ក្នុង​មហា​សន្និបាត

លោក ស៊ន សង្វាត អ្នក​សម្របសម្រួល​កម្មវិធី

ព្រះ​តេជព្រះគុណ ថាច់ ហាសំអាង ព្រះចៅអធិការ​ វត្ត​សាមក្គីរង្សី ហៅ​វត្ត​ខ្មែរកម្ពុជាក្រោម ក្រុង​ភ្នំពេញ

លោក ប៊ុន មុនី ប្រធាន​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម​

ព្រះមហាថេរ គិរីធម្មោ ប៉ាង សុដារ ប្រធាន​វិទ្យាស្ថាន​ពុទ្ធសាសនា អប់រំ និង អភិវឌ្ឍន៍





ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »