តើខ្មែរនៅកម្ពុជាក្រោមមានរីករាយអបអរសាទរបុណ្យចូលឆ្នាំចិន
យួនដូចខ្មែរនៅកម្ពុជាដែរឬទេ? តើខ្មែរក្រោមមានប្រកាសខ្លួនឯងថាជាខ្សែកាត់ចិន
ឬ កាត់យួន ដើម្បីចូលរួមក្នុងពិធីបុណ្យនេះដែរឬទេ?
សូមលោកអ្នកអាននូវបទវិភាគមួយរបស់
អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ លោក នី វិបុល ដែលជាសហការីនៃវិទ្យុសេរីកម្ពុជាក្រោម
ដូចតទៅនេះ៖
ចូលឆ្នាំចិន ឬ យួន
គេតែងតែឃើញថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលតាំងខ្លួនឯងថា
ជាខ្សែកាត់ចិន ហើយបានប្រារព្ធឡើងនូវពិធីនេះ ដោយមានការសែនថ្វាយនូវគ្រឿងបូជាផ្សេងៗតាមរបៀបប្រពៃណីចិន
និង យួន ព្រមទាំងមានការរាំច្រៀង ស៊ីផឹក លេងល្បែង ។ល។ សប្បាយអ៊ូអរ ។
នៅតាមដងផ្លូវគេឃើញថា
ស្ទើរតែគ្រប់ហាងបានតុបតែង ចង្កៀងគោមពណ៌ក្រហម
បិទស្លាកអក្សរចិនដែលមិនដឹងថាមានន័យយ៉ាងម៉េច ។ ហាងមួយចំនួនទៀត
គេថែមទាំងចាក់ធុងបាស បទចម្រៀងចិន «កុង ស៊ី ផា ឆាយ»
យ៉ងអធិកអធម
បើប្រៀបធៀបភាពសប្បាយអ៊ូអរនេះ ភ្នំពេញមិនចាញ់ក្រុងហាណូយ ឬ
ក្រុងប៉េកាំងឡើយ ។
ឯទូរទស្សន៍ និង
ប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងអំឡុងប៉ុន្មានថ្ងៃចូលឆ្នាំចិន យួន ស្ទើរតែមិនដឹងថាប៉ុស្តិ៍ទូរទស្សន៍នោះជារបស់ខ្មែរ
ឬ ចិន ទៅហើយ ។ គ្រប់ប៉ុស្តិ៍គេជួនពរគ្នា «ហេងហេង»
មានរូបភាពផាវផ្ទុះក្ឌុងក្ឌាំង
មិនត្រឹមតែប៉ុណ្ណោះទេ គេនៅបើកកម្មវិធីប្រគំតន្ត្រី
ហើយគេឲ្យតារាចម្រៀង និង ពិធីករ ពិធីករណី ច្រៀងរាំជាភាសាចិន
សប្បាយពេកក្រៃ ។
រីឯកម្មករបុគ្គលិក
រោងចក្រ ក្រុមហ៊ុន នានាវិញ
ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដើម្បីត្រឡប់ទៅស្រុកជួបជុំញត្តិសន្តានក្នុងឱកាសចូលឆ្នាំចិននេះ
ពួកគេហាក់បីដូចជាមានភាពត្រេកអរខ្លាំងណាស់ពេលដល់ចូលឆ្នាំចិនម្ដងៗ
។ ចំណែកមន្ត្រីរាជការ គ្រូបង្រៀន សិស្ស និស្សិត
មួយចំនួនឲ្យតែដល់ថ្ងៃចូលឆ្នាំចិននេះ
ពួកគេតែងតែឈប់សម្រាកដោយខ្លួនឯង
ទោះបីជាស្ថាប័នដែលពាក់ព័ន្ធមិនអនុញ្ញាត ឬ
មានច្បាប់ណាមួយដែលអនុញ្ញាតថា ត្រូវឈប់សម្រាកការងារនៅក្នុងថ្ងៃចូលឆ្នាំចិន
យួន នេះក៏ដោយ នេះជាទម្លាប់ ប្រពៃណីរបស់ខ្មែរយើងឬ? ។
![]() |
ឥទ្ធិពលមួយនេះកំពុងតែគ្របដណ្ដប់មកលើសង្គមកម្ពុជាបច្ចុប្បន្នយ៉ាងខ្លាំងបំផុត
ដែលកូនខ្មែរគ្រប់រូបតែងតែតាំងខ្លួនឯងថាជាខ្សែកាត់ចិននោះ
ត្រេកអរនឹងទទួលយកដោយមិនគិតថាវាអាចប៉ះពាល់ដល់វប្បធម៌ខ្លួនយ៉ាងណានោះទេ
។ បានលើកឡើងដូចនេះមិនមែនចង់ឲ្យអភិរក្សវប្បធម៌ខ្មែរ
ហើយបដិសេធន៍មិនទទួលយកវប្បធម៌បរទេសនោះទេ
ប៉ុន្តែយើងមិនមែនចេះតែទទួលយកនូវវប្បធម៌បរទេសដោយគ្មានការពិចារណាច្បាស់លាស់ដូច្នេះឡើយ
ដោយយើងត្រូវចេះបែងចែកអ្វីជាវប្បធម៌ខ្មែរ ហើយអ្វីជាវប្បធម៌បរទេស ។
យើងត្រឡប់ទៅស្វែងយល់នៅសង្គមកម្ពុជាក្រោមម្ដងវិញ
ថាតើប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោម
មានប្រារព្ធពិធីបុណ្យចូលឆ្នាំចិន
យួន ដូចនៅកម្ពុជាដែរឬទេ?
កម្ពុជាក្រោមអតីតជាដែនដីមួយចំណែកនៃព្រះរាជាណាចក្រកម្ពុជា
ដែលត្រូវបានជនជាតិយួនដាក់អាណានិគមចាប់តាំងពីដើមសតវត្សទី១៩
រហូតមកទល់បច្ចុប្បន្ននេះ ។
ក្រោយពីជាង២០០ឆ្នាំនៅក្រោមការគ្រប់គ្រងរបស់ពួកយួន ។
ខ្មែរនៅកម្ពុជាក្រោមត្រូវបានយួនចាប់បង្ខំគោរព ប្រតិបត្តិ និង
ទទួលយកនូវវប្បធម៌ ព្រមទាំងរៀននូវអក្សរ ភាសាយួន ។ ចាប់ដាក់គុក សម្លាប់
រំលោភបំពានទៅលើសិទ្ធិសេរីភាព ចាប់បង្ខំព្រះសង្ឃឲ្យកោរសក់ទុកចិញ្ចើម
ស្លៀកខោពាក់អាវ សូត្រធម៌គោះត្រឡោក ការហាមឃាត់មិនឲ្យមានទំនាក់ទំនងជាមួយខ្មែរនៅក្រៅប្រទេស
មិនឲ្យរៀនអក្សរខ្មែរ គាបសង្កត់សិទ្ធិទទួលបានព័ត៌មាន ។ល។
ទោះបីជាមានការធ្វើទុក្ខបុកម្នេញសំណាក់រដ្ឋាភិបាលយួនយ៉ាងណាក៏ដោយ
ក៏ខ្មែរនៅកម្ពុជាក្រោមនៅតែតស៊ូប្រឆាំងគ្រប់រូបភាពដែលរដ្ឋាភិបាលយួន
បានរំលោភបំពានមកលើខ្លួន ។
កម្ពុជាក្រោមមាន
២១ខេត្តក្រុង មានវត្តអារាម ៥៦៧វត្ត មានព្រះសង្ឃចំនួន ២សែនអង្គ
ចំនួនប្រជាជនខ្មែរនៅកម្ពុជាក្រោមសរុប ជាង១៥លាននាក់ ។
ប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោម៩៩% ជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា
។
ថ្វីត្បិតតែប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោមសព្វថ្ងៃនេះ
ត្រូវរស់ក្រោមនឹមអាណានិគមនៃរដ្ឋាភិបាលយួនកុម្មុយនិស្តក្ដី
ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យយើងចាប់អារម្មណ៍ និង មិនគួរឲ្យជឿ
ហើយទ្រាំសរសើរមិនបាននោះគឺ ការរក្សានូវ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អក្សរសាស្ត្រខ្មែរ
នៅតែល្អខ្ជាប់ខ្ជួនដដែល មិនចាញ់ខ្មែរយើងនៅកម្ពុជាឡើយ ។
ចំណែកពិធីបុណ្យចូលឆ្នាំចិន
យួនវិញនោះ ខ្មែរនៅកម្ពុជាក្រោមមិនដែលប្រារព្ធ ឬ
ខ្វល់ខ្វាយដូចខ្មែរនៅកម្ពុជាឡើយ ។ អ្នកដែលបានអាននូវបទវិភាគនេះហើយ ច្បាស់ជាមានការងើយឆ្ងល់ចំពោះបញ្ហានេះជាមិនខានឡើយ
ថាតើហេតុអ្វីខ្មែរនៅកម្ពុជាក្រោមដែលរស់នៅក្រោមការគ្រប់គ្រងរបស់យួន
មិនខ្វល់ខ្វាយ ឬ ប្រារព្ធសែនថ្វាយក្នុងបុណ្យចូលឆ្នាំចិន យួននេះ
ប៉ុន្តែខ្មែរនៅកម្ពុជាដែលរស់ក្រោមរដ្ឋាភិបាលខ្មែរ
ដោយគ្មានការគាបសង្កត់ផ្នែកវប្បធម៌បែរជាទៅខ្វល់ខ្វាយ ឬ
សែនថ្វាយក្នុងបុណ្យចូលឆ្នាំប្រពៃណីចិន យួននេះទៅវិញ ។
បើតាមការគិតរបស់អ្នកដែលមិនបានទៅដល់ទឹកដីកម្ពុជាក្រោម
ច្បាស់ណាស់គេនិងគិតថាខ្មែរនៅកម្ពុជាក្រោមនឹងប្រារព្ធពិធីចូលឆ្នាំចិន
យួនជាមិនខានឡើយ
ប៉ុន្តែប្រសិនបើយើងទៅស្វែងយល់អំពីស្ថានការណ៍ជាក់ស្ដែងខ្មែរនៅឯកម្ពុជាក្រោមវិញនោះ
គឺខ្មែរនៅកម្ពុជាក្រោមមិនដែលខ្វល់ខ្វាយ សែនថ្វាយនូវគ្រឿងផ្សេងៗ
និងប្រារព្ធពិធីបុណ្យចូលឆ្នាំចិន យួននេះ ដូចនៅកម្ពុជាឡើយ ។
ទោះបីខ្មែរនៅកម្ពុជាក្រោម មានការរស់នៅជាមួយជនជាតិយួនក៏ដោយ
ក៏ប៉ុន្តែចិត្តគំនិត បេះដូង ឈាមជ័រ នៅតែជាខ្មែរដដែល ។
ដោយខ្មែរនៅកម្ពុជាក្រោមត្រូវបានរំលោភបំពានសិទ្ធិនានាពីសំណាក់រដ្ឋាភិបាលយួនកុម្មុយនិស្ត
ដូច្នេះហើយទើបធ្វើឲ្យខ្មែរនៅកម្ពុជាក្រោមជាទូទៅ
តែងតែស្គាល់នូវតម្លៃចំពោះពាក្យថា «ខ្មែរ» និងផ្ដល់តម្លៃចំពោះកេរ្តិ៍មរតកដូនតាខ្មែរបន្សល់ទុក
ដូចជាវប្បធម៌ អក្សរសាស្ត្រ ។ល។
ដោយសារតែខ្មែរនៅកម្ពុជាក្រោមខ្លាចយួនលុបបំបាត់នូវវប្បធម៌ខ្លួនឲ្យសាបសូន្យ
ហើយខ្លាចកូនចៅខ្លួនជំនាន់ក្រោយមិនបានដឹងនូវអត្តសញ្ញាណជាតិខ្លួន
ដូច្នេះហើយទើបពួកគេខំប្រឹងប្រែងក្នុងការថែរក្សានូវវប្បធម៌នេះ ។ផ្ទុយទៅវិញខ្មែរនៅកម្ពុជា
មិនសូវជាយកចិត្តទុកដាក់ក្នុងការថែរក្សានូវវប្បធម៌ជាតិខ្លួនឲ្យបានរីកចម្រើនឡើយ
តែងតែទទួលយកនូវវប្បធម៌បរទេសដោយគ្មានការពិចារណាឲ្យបានច្បាស់លាស់
ដោយសារតែខ្មែរនៅកម្ពុជាតែងតែមានគំនិតមួយថាវប្បធម៌យើងមិនមានដៃ ឬ
មានជើងរត់ចោលយើងឡើយ
ហេតុដូច្នេះទើបធ្វើឲ្យពួកគេមិនខ្វល់អំពីឥទ្ធិពលវប្បធម៌បរទេសដែលកំពុងហូរចូលមក
៕
EmoticonEmoticon