ដោយ៖ ថាច់ រតនា |សហការីនៃវិទ្យុសេរីភាពកម្ពុជាក្រោម|
និយមន័យនៃពាក្យ »ជនជាតិដើម»
ជនជាតិដើម
(Indigenous peoples, First peoples, Native Peoples) ជាពាក្យមួយដែលប្រើប្រាស់ពេញនិយមបំផុតក្នុងក្រមច្បាប់របស់អង្គការសហប្រជាជាតិ
និង ត្រូវបានអន្តររដ្ឋាភិបាលទទួលស្គាល់ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ
មកដល់ពេលនេះនៅមិនទាន់មាននិយមន័យណាមួយ ដែលបញ្ជាក់ច្បាស់អំពីពាក្យថា »ជនជាតិដើម» នេះនៅឡើយទេ ។
យ៉ាងនេះក៏ដោយ ពាក្យ »ជនជាតិដើម»
ត្រូវបានគេផ្ដល់និយមន័យថា៖ »ជាជនជាតិមួយ ឬ
ក្រុមមនុស្ស ដែលមានវប្បធម៌ អក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់
ព្រមទាំងមានការរស់នៅ
នៅលើដែនដីនោះមុនពេលដែលជនជាតិដទៃចូលមករស់នៅ(ដែលត្រូវបានទទួលនូវការឈ្លានពាន
ឬ ការដាក់អាណានិគម) ឧទាហរណ៍ដូចជា៖
(ជនជាតិខ្មែរក្រោមដែលត្រូវយៀកណាមដាក់អាណានិគមអស់រយៈពេលជាង៦០ឆ្នាំមកនេះ)
»ជនជាតិដើម»
ពួកគេមានបង្កើតឡើងនូវអង្គការ សមាគម និង
អភិវឌ្ឍន៍ជាបន្តបន្ទាបនៅលើដែនដីនោះ ។ »ជនជាតិដើម»
ត្រូវចេះបែងចែកដោយខ្លួនឯង
រវាងពួកគេនឹងជនជាតិដ៏ទៃទៀតដែលកំពុងរស់នៅលើទឹកដីជាមួយគ្នា ។
ពួកគេមានការប្ដេជ្ញាចិត្តចំពោះការអភិរក្ស និង
ប្រាថ្នាក្នុងគោលបំណងឲ្យកូនចៅជំនាន់ក្រោយរបស់ពួកគេស្នង
រក្សានូវទឹកដីរបស់ដូនតា វប្បធម៌ វង្សត្រកូល និង លក្ខណៈនៃវប្បធម៌ជនជាតិរបស់ខ្លួនតាមរយៈគំរូវប្បធម៌
អង្គការសង្គម ព្រមទាំងប្រព័ន្ធច្បាប់ ។
ក្នុងប្រវត្តិសាស្ត្រពិភពលោកពីអតីតកាលមកទល់នឹងបច្ចុប្បន្ននេះ »ជនជាតិដើម»
ដែលរស់នៅលើដែនដីមុនពេលដែលក្រុមជនជាតិដ៏ទៃចូលមកតាំងទីលំនៅ ត្រូវបានទទួលរងនូវអំពើអយុត្តិធម៌
ការធ្វើទុក្ខបុកម្នេញ ការរំលោភបំពានទៅលើសិទ្ធិសេរីភាព
ការបិទត្បិតមិនអនុញ្ញាតឲ្យរៀននូវអក្សរសាស្ត្រ និង
ប្រតិបត្តិនូវជំនឿសាសនា វប្បធម៌ ផ្សេងទៀត ។ ជនជាតិដើម
ពួកគេងាយប្រឈមទៅនឹងការបង្ខិតបង្ខំ ឬ បណ្ដេញចេញពីលំនៅឋាន
ការរឹបអូសយកដីស្រែចម្ការ ជាដើម ។
យោងតាមទិន្នន័យនៃការប៉ានស្មានរបស់អង្គការសហប្រជាជាតិ
បានបង្ហាញឲ្យឃើញថា »ជនជាតិដើម»ទូទាំងពិភពលោកមានចំនួនប្រមាណ
៥.០០០ក្រុម ជាមួយ៣៧០លាននាក់ ដោយលែកនៅអាស៊ីអាគ្នេយ៍មានជាង ១៥០លាននាក់
ទ្វីបអាហ្វ្រិកមាន ៣០លាននាក់ និង អាមេរិកខាងជើងមាន ២.៥លាននាក់
ព្រមជាមួយជាង៧០ប្រទេសឯទៀត ។
នៅលើសកលលោក និង ដែនដីមួយចំនួនដែលមាន»ជនជាតិដើម»រស់នៅ
ដោយសារតែកត្តានយោបាយ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច សាសនា ជាតិសាសន៍ ពណ៌សម្បូណ៌
និង សង្គម បានធ្វើឲ្យអ្នកមួយចំនួនយល់ច្រឡំ ឬ ប្រើប្រាស់ខុសរវាងពាក្យថា »ជនជាតិដើម» និង ជនជាតិភាគតិច ។
»ជនជាតិដើម» និង ជនជាតិភាគតិច
ជាក្រុមមនុស្សដែលជួបការលំបាក វេទនា
ងាយនឹងត្រូវរងគ្រោះបំផុតក្នុងចំណោមជាតិសាសន៍ទូទៅ និង ជាមួយហេតុផលជាច្រើន
សិទ្ធិរបស់ពួកគេតែងតែត្រូវរំលោភបំពាន
ទោះបីជាពួកគេបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍នៃសង្គមជាតិ ក៏ដោយ ។
»ជនជាតិដើម» និង ជនជាតិភាគតិច
តែងតែត្រូវបាត់បង់នូវឧកាសក្នុងការចូលរួមអភិវឌ្ឍន៍
ទាំងក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ និង ប្រទេសអភិវឌ្ឍន៍
ដូចជាត្រូវបានបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ
សិទ្ធិចូលរួមក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌
ព្រមទាំងសិទ្ធិទទួលបាននូវព័ត៌មាន ។
ពួកគេត្រូវបានរើសអើង មើលងាយ ទទួលរងនូវភាពអយុត្តិធម៌
ការកេងប្រវ័ញ្ច មិនចេះអក្សរ និងរស់នៅក្នុងភាពក្រីក្រ ។
EmoticonEmoticon